រលកសំលេង, ២០១៣ By សុខ ចាន់រ៉ាដូ

នៅក្នុងស្នាដៃ រលកសំលេង សុខ ចាន់រ៉ាដូ បានដកបទពិសោធន៍បង្កើតសំលេង និងការសម្តែង Performace។ ដោយចាប់អារម្មណ៍អំពីតួនាទីរបស់សារព័ត៌មាន ជាពិសេស សេរីភាពនិងតម្លាភាពនៃសារព័ត៌មាន និងឥទ្ធិពលរបស់សារព័ត៌មានទៅលើទស្សនៈរបស់ សារធារណជន រ៉ាដូ បានបង្កើតប្រព័ន្ធសំលេងឧឃោសនស័ព្ទ នៅជាប់នឹងកង់មួយ។ រ៉ាដូ បានជិះយានជំនិះកែច្នៃនេះ ជុំវិញទីក្រុងភ្នំពេញ។ នៅតាមផ្លូវ រ៉ាដូ បានឈប់ និង សាកសួរ ប្រជាពលរដ្ឋនានាអំពីទស្សនៈរបស់គេអំពីសារព័ត៌មាន។ រ៉ាដូ បានថតសំលេងរបស់ប្រជាជន រួចចាក់ផ្សាយភ្លាមតាមឧឃោសនស័ព្ទនៅជាប់កង់របស់គាត់ ខណៈពេលដែលធ្វើដំណើរទៅ រកអ្នកសម្ភាសន៍ម្នាក់ទៀត។ ដំណើរការនេះក៏ចាប់ផ្តើមសារជាថ្មី ម្តងហើយម្តងទៀត បង្កើត បានជា «រលក» នៃទស្សនៈរបស់ប្រជាពលរដ្ឋ។ សារព័ត៌មាន មិនរាយការណ៍អំពីគ្រប់រឿង ទាំងអស់ទេ ហេតុដូច្នេះប្រជាពលរដ្ឋប្រាប់គ្នាអំពីដំណឹងនិងទស្សនៈរបស់គេដោយផ្ទាល់ ជាជាងពឹងផ្អែកលើប្រភពព័ត៌មានជាផ្លូវការ។ រលកសំលេង របស់ សុខ ចាន់រ៉ាដូ ពិនិត្យលើ បញ្ហាទាំងនេះ ក្នុងទម្រង់ជាសំលេងសម្តែងមួយ ដែលឆ្លុះបញ្ចាំងអំពីនិងឆ្លើយតបទៅនឹង សហគមន៍នៅជុំវិញគាត់។